ខេត្តកណ្តាល ៖ អ្នកបើករថយន្តដែលគេដឹងច្បាស់ជាអតីតអភិបាលរងស្រុកស្អាងឈ្មោះ ប៉ែន សុខា បានបើករថយន្ត ឡិចសុីស RX300 បោះពួយទៅបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កម្នាក់រងរបួសស្រាលនិងខូចខាតមធ្យោបាយទាំងសងខាងយ៉ាងដំណំផងដែរ។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូសណ្ដោងរ៉ឺម៉កនឹងរថយន្តកេីតហេតុនៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង០៥៖១០នាទីព្រឹក លេីផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ចំណុចភូមិ គគីរធំ២ ឃុំ គគីរធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល។
មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា អ្នកបើករថយន្តបង្កឈ្មោះ ប៉ែន សុខា ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានបើករថយន្ដម៉ាកLEXUS RX300 ពណ៌ស ពាក់ស្លាកលេខកណ្ដាល 2C 2799។ ចំណែកអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កឈ្មោះ ហឿន វិចិត្ត ភេទ ប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិ រាំងដេក២ ឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃហេតុខាងលេី មានរថយន្តមួយគ្រឿងខាងលើបើកបរ ទិសដៅអ្នកលឿង ភ្នំពេញ លុះមកដល់ចំណុចខាងលើបានបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយដែលមានទិសដៅស្របគ្នា បណ្ដាលឱ្យអ្នកបេីកបរម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសស្រាលបញ្ជូនទៅពេទ្យភ្នំពេញ ។ចំណែកមធ្យោបាយទាំងពីរយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយតាមនីតិវិធី ៕
ដោយ៖ស្អាង ជ័យ