ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ ពិសេសមាតាបិតា និងអាណាព្យាបាលបន្តចូលរួម និងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមាននៅក្នុងសហគមន៍។
ក្នុងសារលិខិតអបអរសារទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនានេះ សម្ដេចតេជោ បានលើកឡើងថា ការអបរំកូនចៅបានល្អ នឹងធ្វើឲ្យពួកគេមានការរីកចម្រើនលូតលាស់ធំល្អ ប្រកបដោយសុខភាពនិងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន និងបញ្ហាអវិជ្ជមានក្នុងសង្គម។
សម្ដេចតេជោថា៖ «ខ្ញុំក៏សូមឱ្យមាតាបិតានិងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំ កូនចៅឱ្យបានល្អ ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពនិងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត ដើម្បីអនាគតកូនចៅយើង»។
ជាមួយគ្នានេះ គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យបានផុលផុស និងគ្រប់គោលដៅប្រឈម។
សម្ដេចតេជោថា៖ «ជាពិសេស បណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនងសង្គម និងហ្វេសប៊ុកផេករបស់ថ្នាក់ដឹកនាំ ដោយត្រូវបន្តអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារ ទិសស្លោក បីកុំ មួយរាយការណ៍ គឺ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវ រាយការណ៏ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណ៏គ្រឿងញៀន»។
សម្ដេចតេជោបានបញ្ជាដល់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹងគុណភាពប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាព្យាបាល ស្តារនីតិសម្បទាដល់អ្នកប្រើគ្រឿងញៀនឱ្យទៅទទួលយកសេវាព្យាបាលស្តារនីតិសម្បទា ក្នុងមូលដ្ឋានរបស់ខ្លួន។ ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ សម្របសម្រួល ដឹកនាំអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានហ្មត់ចត់និងមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ៕
ដោយ ៖ សហការី