វេណេហ្ស៊ុយអេឡាត្រូវបានអាមេរិកដាក់ទណ្ឌកម្ម «ទាត់ចោល»ពេលមិនត្រូវការ តែនៅពេលនេះអាមេរិកនិងសម្ព័ន្ធមិត្តត្រូវការថាមពលប្រេងនិងហ្គាសជាចាំបាច់ ក៏ទៅរកវេណេហ្ស៊ុយអេឡាវិញ។
នៅថ្ងៃទី២៧ ខែមិថុនា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា គណៈប្រតិភូអាមេរិកបានទៅកាន់រដ្ឋធានីការ៉ាកាស ដើម្បីពិភាក្សាជាមួយប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិ លោកម៉ាឌូរ៉ូបាន
បញ្ជាក់ថា ក្រោយទៅដល់ទីក្រុង ការ៉ាកាស ប្រទេសវេណេហ្ស៊ុយអេឡា គណៈប្រតិភូអាមេរិកបានចាប់ផ្តើមពិភាក្សាជាមួយប្រធានរដ្ឋសភា Jorge Rodriguez លើបញ្ហាដែលប្រទេសទាំងពីរចាប់អារម្មណ៍។ ក្រៅពីនេះភាគីអាមេរិកក៏បានជួបពិភាក្សាជាមួយមេដឹកនាំក្រុមប្រឆាំងលោក Juan Guaido ផងដែរ។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានបញ្ជាក់ថា លោកនឹងស្វាគមន៍ក្រុមហ៊ុនអឺរ៉ុប ពិសេសគឺក្រុមហ៊ុនបារាំងដែលចង់ទិញថាមពលពីប្រទេសវេណេហ្ស៊ុយអេឡាដើម្បីបំពេញតាមតម្រូវការទីផ្សារនៅអឺរ៉ុប ។ កន្លងមករដ្ឋាភិបាលបារាំងក៏បានអំពាវនាវដល់អាមេរិកលុបទណ្ឌកម្មលើវិស័យប្រេងរបស់វេណេហ្ស៊ុយអេឡា និងអុីរ៉ង់ដើម្បីបំពេញតម្រូវការនៅលើទីផ្សារប្រទេសក្នុងតំបន់អឺរ៉ុប ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN