ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនជ្រុលទៅបុកកម្មករកំពុងតែប្រមូលសំរាមទៅបោកផ្ទប់ពីក្រោយរថយន្តដឹកសំរាមបណ្តាលឱ្យគាបជាប់ខ្ទេចជើងទាំងសងខាង ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញ រួចហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកសំរាម បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីលិចទៅកើតដើម្បីដើរប្រមូលសំរាមនៅតាមដងផ្លូវ ហើយខណៈដែលបុរសម្នាក់ជាកម្មករកំពុងតែប្រមូលសំរាម ស្រាប់តែមានរថយន្តម៉ាកTOYOTA INNOVA ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BC-1190 បើកបរដោយបុរសជាជនបរទេសម្នាក់ដែលទំនងជាស្រវឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ស្របទិសគ្នាយ៉ាងលឿន បានជ្រុលទៅបុករថយន្តដឹកសំរាមចំពីក្រោយពេញទំហឹងបណ្តាលឱ្យត្រូវបុរសជាកម្មករកំពុងតែប្រមូលសំរាមទៅបោកផ្ទប់ពីក្រោយរថយន្តដឹកសំរាមគាបជាប់ជើងទាំងសងខាង ហើយភ្លាមៗនោះដែរបានប្រជាពលរដ្ឋជិតខាងនាំគ្នាជួយកាត់ដែកយកបុរសរងគ្រោះចេញ តែដោយស្ថានភាពជើងរបស់ជនរងគ្រោះ ត្រូវបានបាក់ខ្ទេចទាំងសងខាងទើបទាក់ទងទៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកបុរសជនបទេសដែលបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ