ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០១ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលស្រុកសំពៅលូន បានបញ្ជូនខ្លួនមេខ្យល់បម្រុងនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃចំនួន០២នាក់ មកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីបន្តនីតិវិធីច្បាប់។
របាយការណ៍ដដែលបន្តថា កាលពីវេលាម៉ោង០២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការនិងកម្លាំង កងយោធពលខេមរភូមិន្ទ ក្នុងវរសេនាតូចលេខ១ និង កម្លាំងវរសេនាតូច៥៣៣ ប្រចាំការតាមខ្សែបន្ទាត់ព្រំដែន បានបង្ក្រាបករណី ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស (បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ) ចំនួន០១ករណី ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់។
ជនសង្ស័យឈ្មោះ មឿន មាន ភេទប្រុស អាយុ ៣៧ ឆ្នាំនិងឈ្មោះមឿន រដ្ឋា ភេទប្រុស អាយុ ២៩ ឆ្នាំ (ឃាត់ខ្លួនបាន) អ្នកទាំងពីរមានទីលំនៅនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន០៥នាក់ស្រី្តចំនួន០៤នាក់(ក្មេងចំនួន០២នាក់)ទាំងអស់គ្នាមានទីលំនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់ និងយកប្រាក់ឈ្នួុលថ្លៃជូនក្នុងម្នាក់ៗចំនួន ៦០.០០០ រៀល(ប្រាំមួយម៉ឺនរៀល)។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វេីការសាកសួរកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ រីឯពលករទាំង០៥នាក់បានអប់រំឱ្យគាត់វិលទៅមូលដ្ឋានវិញ៕
ដោយ៖សហការី