ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០១ ខែកក្កដា ឆ្នាំ២០២២នេះថា៖ លេខាធិការដ្ឋាន គ.ខ.ប.ជ កាលពីថ្ងៃទី៣០ ខែមិថុនាម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ដែលជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក ពីមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងអង្គការ ដៃគូពាក់ព័ន្ធសរុប ៥១នាក់ ស្រី២៧ នាក់ ផងដែរ។
កិច្ចប្រជុំត្រួតពិនិត្យខាងលើនេះ អង្គប្រជុំបានធ្វើការពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ដែលអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៦ខែ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ដោយសម្រេចបានតាមផែនការជាច្រើនគួរជាទីមោទនៈ បើទោះបីជាមានបញ្ហាប្រឈមដោយសារការីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ការទទួលបានលទ្ធផលល្អទាំងនេះ គឺបានមកពីការចូលរួមកិច្ចសហការគ្នាបានយ៉ាងល្អ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់អ្នកពាក់ព័ន្ធទាំងក្នុងជួររាជរដ្ឋាភិបាល និងអង្គការដៃគូជាតិ អន្តរជាតិ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារពីការរំលោភបំពាននានាលើទៅមនុស្សគ្រប់ស្រទាប់ នៅក្នុងខេត្តសៀមរាប។
ទន្ទឹមនឹងលទ្ធផលជាច្រើនដែលសម្រេចបាន ក៏យើងនៅតែពិនិត្យឃើញថា មានបញ្ហាជាច្រើនទៀតដែលទាមទារ និងតម្រូវឱ្យមានការពិនិត្យ និងដោះស្រាយជាបន្ទាន់ ដូចជាករណីការបាត់ដំណឹងរបស់ពលករនៅតាមបណ្តាលស្រុកមួយចំនួនក្នុងខេត្ត (ករណីដាច់ទំនាក់ទំនងជាមួយគ្រួសារសាច់ញាតិរយៈពេលជាច្រើនឆ្នាំ) ករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការបន្តការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៅក្រៅប្រទេសដោយអាជ្ញាធរពុំបានជ្រាបដំណឹង ករណីកុមារតាមម្តាយនៅក្នុងពន្ធនាគារ ដែលត្រូវដល់អាយុត្រូវចូលរៀន និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ព្រមទាំងជាប្រធានលេខាធិការដ្ឋាន ដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានធ្វើការពិនិត្យ និងដាក់ផែនការអនុវត្តបន្តជូនមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយទៅតាមជំនាញនីមួយៗ ដោយមានស្មារតីទទួលខុសត្រូវ ព្រមទាំងមានការចូលរួមសហការគ្នា សំដៅធានាដល់ការការពារជនរងគ្រោះ និងងាយជនរងគ្រោះដោយអំពើហិង្សាទាក់ទង់នឹងយេនឌ័រ ការរំលោភបំពាននានា ការទប់ស្កាត់ករណីឃាតកម្មផ្សេងៗ (តាមរយៈការពង្រឹងលើការផ្សព្វផ្សាយនិងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព) ពិសេសការអនុវត្តច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធនានា។
លោកស្រីអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់សមាជិកក្នុងអង្គប្រជុំ ឱ្យរួមគ្នា និងធ្វើការងារជាក្រុមដើម្បីធ្វើការបំពេញឱ្យគ្នាទៅវិញទៅមក ពិសេសការផ្តល់សេវាកម្មជូនដល់ជនរងគ្រោះ និងងាយរងគ្រោះ ពិព្រោះមិនអាចមានតែស្ថាប័នណាមួយ ដែលអាចធ្វើការបំពេញតម្រូវការទៅតាមស្ថានភាព និងឆ្លើយតបនឹងបញ្ហាតែម្នាក់ឯងបានឡើយ ពោលគឺមានតែការរួមគ្នាជាកម្លាំងសរុប ធនធានសរុប ទើបអាចសម្រេចបានជោគជ័យ ឬការដោះស្រាយបញ្ហា ឬការផ្តល់ជូនសេវាកម្ម បានគ្រប់ជ្រុងជ្រោយ៕
ដោយ៖សហការី