ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុកជាមួយរថយន្តបណ្ដាលឱ្យរងរបួសធ្ងន់នៅស្រុកស្វាយចេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំមួយគ្រឿងដឹកដំឡូងមីឈប់ចតលើទ្រូវផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូបុករថយន្តបណ្ដាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង០៨និង៤០ នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ​ត្រង់ចំណុច មុខការិយាល័យអប់រំស្រុក ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក 

នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ មុនពេលកើតហេតុមានឈ្មោះ ហែម ឡាវី ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមធុនសេ 125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ 1G.4080 ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ មុខការិយាល័យអប់រំស្រុក ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក បានបុករថយន្ត ដឹកដំឡូងមី ក្នុងទិសដៅស្របគ្នា ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D.5791 ដែលបើកបរដោយឈ្មោះ ហាក់ គុយ ភេទប្រុសអាយុ ៥១ ឆ្នាំរស់នៅភូមិ កោះរៀម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង  ខណៈពេលអ្នកបើកបរ ឈប់រថយន្តនៅលើទ្រូងផ្លូវ ចុះទៅហូបបាយ បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

នគរបាលបានបញ្ជាក់ថា៖មូលហេតុបង្កឲ្យគ្រោះថ្នាក់ អ្នកបើកម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវ ប្រើភ្លើងពិលពាក់និងក្បាល រថយន្តឈប់នៅលើទ្រូងផ្លូវ (មានភ្លើងបំភ្លឺ ) ។
ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវកម្លាំងជម្នាញយកទៅរក្សាទុកនៅកន្លែងអធិការស្រុករង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖