ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មានក្នុងករណី​ស្លាប់​ដោ​យ​ជំងឺកូវីដ-១៩​ នៅខេត្តកោះកុង

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២​ បានប្រកាសពីការចាប់​ខ្លួន​បុរស​ម្នាក់​មាន​អាខោនតិកតុក(TikTok) ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មាន​ករណី​ស្លាប់​ដោ​យ​ជំងឺកូវីដ-១៩ នៅខេត្តកោះកុង។

សម្តេចតេជោ ហ៊ុន សែន បានព្រមានថា៖ «ចេញផ្សាយ​បំផុល​មួយ ចាប់​ខ្លួនមួយ ដោយ​គ្មាន​ការលើក​លែង​ឡើយ ….! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។

ជាមួយគ្នានោះ​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ ដែលរិះគន់ និងចោទប្រកាន់ពីការចាប់ខ្លួនបុរសម្នាក់ ដែលបំផុសព័ត៌មានបំពុលតាមបណ្តាញសង្គមរឿងបញ្ហាកូវីដ-១៩នោះ សូមមកជួបសម្តេច ដោយសម្តេចនឹងពន្យល់ពីករណីនេះ។ 

សូមជម្រាបថា​ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

ដោយ​៖ស​ តារា​


ចែករំលែក៖