ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ រិះគន់ទៅក្រុមប្រឆាំងមួយចំនួនដែលតែងចោទប្រកាន់ដាក់បន្ទុកពីការបាត់បង់ព្រៃឈើនៅកម្ពុជា

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ ​៖​ សម្តេចតេជោ ហ៊ុន សែន នាឱកាស​អញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ​ បានរិះគន់ទៅក្រុមប្រឆាំងមួយចំនួនដែលតែងចោទប្រកាន់ដាក់បន្ទុកពីការបាត់បង់ព្រៃឈើនៅកម្ពុជា ខណៈដែលពួកគេទាំងនោះ ក៏បានកាប់រាន ទន្ទ្រានដើម្បីកាន់កាប់ដីធ្លីបង្កបង្កើនផងដែរ។​

សម្តេចតេជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឱ្យ​មាន​សកម្មភាព​កាត់​ឆ្វៀល​ដី​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងនោះមានតម្រូវការកាត់ចេញទៅតំបន់៣ ទៅតំបន់២ និងពីតំបន់២ ទៅតំបន់១ តែ​ការ​កាត់​នោះ ត្រូវមានការសិក្សាស្រាវជ្រាវឲ្យបានដិតដល់ និង​សម្រេច​កាត់​តាម​អ្វី​ដែល​ជា​យន្ត​ការ​ដាក់​ចេញ​មក​ស្រាប់។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រីកម្ពុជា​ បាន​ប្រកាស​រំលឹក​ពី​គ្រាដែ​ល​ឯក​ជន​កាន់​កាប់​ឡូតិ៍នេសាទ ដោយបង្កការលំបាកលំបិតបំផុតដល់ប្រជាពលរដ្ឋ និងប្រជានេសាទ រហូត​ដល់​មាន​អំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ និងជម្លោះរ៉ាំរ៉ៃផ្សេងៗរាប់មិនអស់។​

សម្តេចតេជោ ក៏បានប្រកាសជំរុញចរន្ត នៃការចិញ្ចឹមត្រី ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការប្រជាពលរដ្ឋ។ សម្តេចបន្តថា ពេលនេះ តម្លៃត្រីមានកើនឡើង ខណៈ​សាន់មាន់ សាច់ជ្រូក និងសាច់ផ្សេងៗ បែរជាមានការធ្លាក់ខ្លះទៅវិញ ដែល​នេះ​ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្តែង​របស់​អ្នកទទួលទានប៉ុណ្ណោះ។

ជាមួយគ្នានោះ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចបានគូសបញ្ជាក់ថា “បោះឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”។

សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ដ​ល់​ប្រជាពលរដ្ឋ ដែល​បាន​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែល​បាន​កន្លង​ទៅ​ថ្មី​ៗ​នេះ ទោះជា​បោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផល​ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។

បន្ថែមពីនេះ​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ និងអំពាវនាវ ដល់​ពលរដ្ឋ​ឱ្យ​បន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​ភាពជឿជាក់ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ 

គួរបញ្ជាក់ដែរថា​ ជារៀងរាល់ឆ្នាំ ថ្ងៃទី​១ ខែកក្កដា គឺជា​ទិវា​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ តែងតែ​ប្រារព្ធទិវា​មច្ឆជាតិ ដែល​រៀបចំឡើង ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស​ធនធានធម្មជាតិអោយបានគង់វង្ស។ 

ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ​​​ចូលរួម​ក្នុងការ​ថែរក្សា​​ពូជ​ត្រី ​ឱ្យមាន​ក្នុង​ដែនទឹក​ធម្មជាតិ​ ​បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង​ ជាពិសេស​តាម​តំបន់​សមស្រប​នៃ​វាលទំនាប និង​វាលស្រែ​ក្នុង​ទូទាំងប្រទេស​៕

ដោយ​៖ស​ តារា​


ចែករំលែក៖