ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញលែង កូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅអាងត្រពាំងថ្ម ក្នុងទិវាមច្ឆជាតិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ ២០២២នេះ បានអញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ ដើម្បីអបអរសាទរទិវាមច្ឆជាតិ១កក្កដា និងដើម្បីធ្វើឱ្យអាងទឹកត្រពាំងថ្ម សម្បូរទៅដោយពូជមច្ឆាជាតិចម្រុះ និងលូតលាស់រីកសាយដល់តំបន់ផ្សេងៗទៀត អាចចរាចរចូលដល់ដែននេសាទដទៃទៀត ដែលអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ 

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលនឹងត្រូវលែងនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ។ល។ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏គ្រោងលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ។ 

រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធទិវាមច្ឆជាតិ ចាប់ តាំងពីឆ្នាំ២០០៣ ដោយមានការលែងមេពូជត្រី កូនត្រី និងវារីសត្វ ពូជក្នុងស្រុកប្រមាណ៥លានកូនក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆាជាតិឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែដោយសារហានិភ័យបណ្តាលមកពីវិបត្តិជាសាកលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំ «ទិវាមច្ឆជាតិ» ចាប់ពីឆ្នាំ ២០២០ មកទល់ពេលនេះ។ ទោះជាមានបញ្ហាដូចនេះក្តី ការលែងកូនត្រីទៅក្នុងដែនសហគមន៍មានលក្ខណៈទ្រង់ទ្រាយតូច គឺអាចប្រព្រឹត្ត ទៅធម្មតា។ 

សូមបញ្ជាក់ថា អាងទឹកត្រពាំងថ្ម កន្លែងដែលសម្តេចតេជោ អញ្ជើញលែងកូនត្រី និងត្រីមេពូជនេះ ជាប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ និងជារមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ត្រកាល ដែលស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អាងទឹកដ៏ធំនេះ ត្រូវព័ទ្ធដោយទំនប់ពីកើតទៅលិចមានប្រវែង ១០គីឡូម៉ែត្រ និងពីជើងទៅត្បូងមានប្រវែង ៧គីឡូម៉ែត្រ។ នៅរដូវវស្សាអាងទឹកត្រពាំងថ្មអាចរក្សាទឹកបានប្រមាណ ១៨០លានម៉ែត្រគូប។ នៅរដូវប្រាំងអាងទឹកនេះអាចរក្សាទឹកបាន ១២០លានម៉ែត្រគូប ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាទំហំ ២៥,០០០ហិកតា និងស្រែប្រាំងទំហំ ១២,០០០ហិកតា ៕

ដោយ៖ វណ្ណា


ចែករំលែក៖