ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបញ្ជាក់ថា ហុងកុងចាប់ផ្តើមមាន«របបប្រជាធិបតេយ្យពិតប្រាកដ»ក្រោយកោះហុងកុងត្រូវបានអង់គ្លេសផ្តល់សងចិនវិញ កាលពី២៥ឆ្នាំមុន។
ប្រធានាធិបតីចិនបានប្រកាសនៅថ្ងៃទី១ខែកក្កដានេះថា «ក្រោយពេលជួបជុំជាមួយម្តាយ ពលរដ្ឋកោះហុងកុងបានក្លាយទៅជាម្ចាស់របស់ទីក្រុងហុងកុងយ៉ាងពិតប្រាកដ»។ ប្រធានាធិបតីចិនបានបញ្ជាក់ថា «របបលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដរបស់ហុងកុងបានចាប់ផ្តើម»។
ប្រធានាធិបតីចិនក៏បានបញ្ជាក់ថា មិនមានមូលហេតុអ្វីដើម្បីផ្លាស់ប្តូរទម្រង់ដឹកនាំប្រទេសមួយរបបដឹកនាំពីរនៅហុងកុងនោះទេ ដោយ រូបមន្តនេះពិតជាល្អណាស់។ ប្រធានាធិបតីចិន បានបញ្ជាក់ថា សកម្មភាពរបស់ទីក្រុងប៉េកាំងគឺដើម្បីផលប្រយោជន៍របស់ហុងកុង ។ ប្រធានាធិបតីស៊ី ជីនពីង បញ្ជាក់ទៀតថា ការណ៍ដែលអនុវត្តច្បាប់សន្តិសុខកាលពីឆ្នាំ២០២០ គឺដើម្បីធានាសន្តិសុខស្ថិរភាពរបស់កោះហុងកុង។
ចំពោះរដ្ឋាភិបាលថ្មីដឹកនាំដោយលោក John Lee ប្រធានាធិបតីចិនសង្ឃឹមថា ថ្នាក់ដឹកនាំថ្មីនៅកោះហុងកុងនឹងមានសកម្មភាព ប្រកបដោយតម្លាភាព រវាងការគ្រប់គ្រងនឹងទីផ្សារ ធានាសន្តិសុខ ស្ថិរភាព៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters