ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីខាងលេីនេះ តំណាងអយ្យការបានបេីកការស៊េីបសួរពីបទ ហិង្សាដោយមានស្ថានទម្ងន់ទោស និងបទជេរប្រមាថជាសាធារណ: តាមមាត្រា ២១៨ និងមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថាជនត្រូវចោទម្នាក់នេះ ត្រូវបាននគរបាលចរាចរណ៍ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង០៣រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ស្តុប ស្ពានដែក ចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ មូលដ្ឋាន ខណ្ឌដង្កៅ រាជធានីភ្នំពេញ បន្ទាប់ពីល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការអប់រំណែនាំ របស់សមត្ថកិច្ច ព្រមទាំងយកខ្សែក្រវាត់វាយចំសមត្ថកិច្ចបន្ថែមទៀត ហើយបញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
មន្រ្តីជំនាញបានឲ្យដឹងថា បុរសបង្កហេតុុមានឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាថមេីលងាយ និងយកខ្សែក្រវាត់វាយចំមកលេីសមត្ថកិច្ចថែមទៀតផង។
បច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត អាចនឹងជាប់ពន្ធនាគារជាបណ្តោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា