ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីស RX300 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ូតូបញ្រ្ចាសគ្នារបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្ត LEXUS RX300បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ូតូបញ្រ្ចាសគ្នា យ៉ាងពេញទំហឹងលាន់ដូចរន្ទះរងរបួសធ្ងន់យុវជនម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកនៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៤-១៤៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាអ្នករបួសមានឈ្មោះ ឡុង អូន  អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1D-6057 ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកបង្កហេតុមានឈ្មោះ ស៊ឹម មឿន  អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរនិងលក់ដូរ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងបើករថយន្តម៉ាក LEXUS RX300 ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ស្វាយរៀង 2C-1444ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

យោងតាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ស្វាយរៀង 2C-1444ក្នុងទិសដៅពីលិចទៅកើតហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានយុវជនម្នាក់បានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1D-6057ធ្វើដំណើរបញ្ច្រាសគ្នាក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលខណ:យុវជនខាងលើរងរបួសធ្ងន់ (បាក់ឆ្អឹងភ្លៅ និង ឆ្អឹងកំភូនជើងខាងស្ដាំ) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖