នៅថ្ងៃទី១ខែកក្កដា ថៃបានប្រកាសឱ្យដឹងថា ភាគីមីយ៉ាន់ម៉ាបានសុំទោសក្រោយមួយថ្ងៃដែលយន្តហោះចម្បាំងរបស់ប្រទេសនេះហោះចូលក្នុងដែនអាកាសថៃ បង្ខំឱ្យរដ្ឋាភិបាលជម្លៀសពលរដ្ឋរាប់រយនាក់ទៅកាន់តំបន់សុវត្ថិភាព។
ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី៣០ខែមិថុនា ក្នុងស្រុក Phop Phra ខេត្ត Tak របស់ថៃជាប់ព្រំដែនមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា ប្រកាសថា ប្រទេសលោកមិនចង់ឱ្យមានស្ថានភាពអាក្រក់ជាងនេះឡើយ ។
ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ាហោះចូលដែនអាកាសថៃ យោធាថៃ បានបញ្ជូនយន្ដហោះចម្បាំងឱ្យហោះប្រដេញតាមព្រមានយន្ដហោះចម្បាំងមីយ៉ាន់ម៉ាមួយគ្រឿង ដោយចោទថាយន្ដហោះចម្បាំងនេះបានបំពានចូលដែនអាកាសរបស់ខ្លួន អំឡុងធ្វើប្រតិបត្តិការយោធាមួយ។
បើតាមសេចក្ដីថ្លែងការណ៍ពីយោធាថៃ យន្ដហោះចម្បាំងថៃ ធុន F-16 ចំនួន២គ្រឿងបានធ្វើសកម្មភាពភ្លាមៗនៅពេលប្រព័ន្ធរ៉ាដាចាប់បានសញ្ញាថា មានយន្ដហោះមួយគ្រឿងហោះចូលក្នុងដែនអាកាសថៃនៅក្បែរព្រំដែនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់បន្ថែមដូច្នេះថា «យន្ដហោះចម្បាំងមួយគ្រឿង មិនដឹងហោះមកពីគោលដៅណានោះទេបានបំពានចូលដែនអាកាសនៃស្រុក Phop Phra ខេត្ត Tak ខណៈដែលកំពុងបើកការវាយប្រហារលើក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចមួយនៅតាមបណ្ដោយព្រំដែន»៕ ដោយ៖ ធីរីណា
រូបថត៖ AP