ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជើងខ្លាំងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទគំរាមកំហែងនិងឆបោកថ្នាក់ដឹកនាំតុលាការ

ចែករំលែក៖

ខេត្តព្រះវិហារ៖ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នួន ចាន់រ៉ា អាយុ២៣ឆ្នាំ រស់នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពាក់ព័ន្ឋករណីឆបោកនិងគំរាមកំហែងថ្នាក់ដឹកនាំអយ្យការតុលាការ រួមទាំងមេសឹករងខេត្តព្រះវិហារ។

    លោក វុធ សាវី បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ រូបលោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងខាងលើ ហើយបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នួន ចាន់រ៉ា ដែលពាក់ព័ន្ធពីបទឆបោក កំហែងយក និងបទគំរាមសម្លុតកុំឱ្យដាក់ពាក្យបណ្តឹង ឬដកពាក្យបណ្តឹងដែលជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុងមាត្រា ៦៣, ៣៦៤,៣៧៧,៣៧៨និងមាត្រា៥២៧ កថាខ័ណ្ឌ១ នៃក្រមព្រហ្មទណ្ឌ ដោយបុគ្គលខាងលើបានយករូបថតថ្នាក់ដឹកនាំស្ថាប័នអយ្យការនិងតុលាការជាច្រើនខេត្ត ក៏ដូចជាមេទាហានតំបន់សឹករងព្រះវិហារដើម្បីបង្កើត account Fake ( Telegram )សម្រាប់ឆបោកគេនិងសម្លុតគំរាមគេឱ្យវេរលុយឱ្យខ្លួន និងគំរាមឱ្យគេដកពាក្យបណ្តឹងចេញ។ លោក វុធ សាវី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចាញ់បោកជនខិលខូចមួយចំនួនតាមប្រព័ន្ធទំនាក់ទំនងសង្គម។ បើមានដូចករណីខាងលើសូមមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយមានវិធានការច្បាប់៕ 

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖