ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលចូលរួមបរិច្ចាគថវិកា ១លានដុល្លារ គាំទ្រការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ដោយថ្លែងថា, តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា និងលោកជំទាវ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ (មួយលាន) ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាល ជាកិច្ចគាំទ្រដល់ដំណើរការនៃសកម្មភាពបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីជួយ រំដោះឲ្យបាននូវការគំរាមកំហែងមកលើសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិសាស្ត្រតំបន់អាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ខ្ញុំសូមសម្ដែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្មារតីរួមចំណែកដ៏មាន
អត្ថន័យជ្រាលជ្រៅរបស់ អ្នកឧកញ៉ា និងលោកជំទាវ ពិតជាបានផ្ដល់នូវសេចក្តីសុខ និងភាពសុខសាន្ត ព្រមទាំងស្នាមញញឹមដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ខ្ញុំសូមជូនពរ ដល់អ្នកឧកញ៉ា និងលោកជំទាវ បានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា