ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនអ្នកលេងបណ្តាញសង្គម Tik Tok ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម.ដោយរង់ចាំការសវនាការជំនុំជម្រះទោសលើអង្គសេចក្តី ។ អ្នកលេងបណ្តាញ Tik Tok ឈ្មោះ ហ៊ៅ អ៊ូខុង ភេទ ប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ (ជាសមាជិកគណបក្សភ្លើងទៀន) ។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងស មត្ថកិច្ចនគរបាលនាយកដ្ឋានស៊ើបការខាងក្រៅ និង បច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន(ស្មើនិងចាប់ខ្លួន)របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅលើបុគ្គលឈ្មោះ អ៊ូខុង ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម Tik Tok ថា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅខេត្តកោះកុង ។
ការចាប់ខ្លួនអ្នកលេងបណ្តាញសង្គម Tik Tok ម្នាក់នោះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងចេញពីខេត្តបន្ទាយមានជ័យ ក្នុងពិធីទិវាមច្ឆជាតិ នៅព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការចាប់ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ TikTok ឈ្មោះថា «ហ៊ៅ អ៊ូខុង»នោះថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង ។
សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុសមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ នរណាក៏ដោយ ដែលយកបញ្ហាកូវីដ-១៩ មកលេងសើច គឺនឹងត្រូវចាប់ខ្លួន» ។
ក្រោយចាប់ខ្លួនបុគ្គលឈ្មោះ អ៊ូខុង ត្រូវបានកម្លាំងសមត្ថកិច្ននាំមកកាន់នាយកដ្ឋានស៊ើបការខាងក្រៅ និង បច្ចេកវិទ្យា នៃអគ្គស្ន ងការដ្ឋានគរបាលជាតិ ដើម្បីបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។
លុះដល់រសៀលថ្ងៃ០១ ខែកក្កដា លោក សេង ហៀង ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលាដំបូង បានសម្រេចធ្វើការចោទប្រកា ន់អ្នកលេង Tik Tok ម្នាក់នោះជាផ្លូវការ ពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម.ពាក់ព័ន្ធ នឹង ករណីផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម ដែលថា មានពលរដ្ឋស្លាប់ដោយសារកូវីដ១៩ ថ្មីទៀតនៅក្នុងខេត្តកោះកុង ។
បន្ទាប់ពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ បើកការស៊ើបសួរបន្តរហូតដល់ល្ងាចថ្ងៃដដែល លោកស្រីចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន តែម្តង ៕
ដោយ ៖ រ៉ារ៉ា