ប្រទេសមីយ៉ាន់ម៉ា៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) មីយ៉ាន់ម៉ា លោក យ៉ា ព្យេ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ដើម្បីពិភាក្សាពីកិច្ចការមួយចំនួនទាក់ទងជាមួយនឹងសន្តិសុខជាតិនៃប្រទេសនេះ ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីក៏បានចែករំលែកពីនយោបាយឈ្នះ=ឈ្នះរបស់សម្ដេចតេជោទៅកាន់សមភាគីមីយ៉ាន់ម៉ាផងដែរ។
តាមការឱ្យដឹងពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងដំណើរការអនុវត្តគោលនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងតួនាទីរបស់គណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ក្នុងដំណើរការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមីយ៉ាន់ម៉ា នៅតំបន់ដែលពិបាកទៅដល់។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបន្តថា បន្ទាប់ពីជំនួបនេះ ប្រេសិតពិសេសនៃប្រធានអាស៊ាន អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានបន្តជួបជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធីដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស។ លោកឧបនាយករដ្ឋមន្រ្តីក៏បានឆ្លៀតឱកាសពន្យល់អំពីការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ=ឈ្នះ ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំកម្ពុជាឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
ស្ថានភាពកម្ពុជាក្រោយការដួលរលំទៅរបស់ខ្មែរក្រហមបានបង្កជាសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃមួយនៅក្នុងប្រទេស មានខ្មែរ៤ភាគីត្រូវប្រឈមមុខគ្នាធ្វើសង្គ្រាម សូម្បីតែអង្គការសហប្រជាជាតិចូលមកដោះស្រាយក៏មិនអាចស្វែងរកជូនបានដែរ។
ចុងក្រោយដោយសារតែនយោបាយឈ្នះ=ឈ្នះរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ដង្ហើមចុងក្រោយរបស់ខ្មែរក្រហមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបញ្ចប់នូវសង្គ្រាមរ៉ាំរ៉ៃរបស់កម្ពុជានាំកម្ពុជាមកកាន់ស្ថិរភាព សន្តិភាពនិងការអភិវឌ្ឍឡើងវិញ។ គិតរហូតមកដល់ពេលនេះមានរយៈពេល២៣ឆ្នាំហើយ៕
ដោយ ៖ សហការី