នៅថ្ងៃទី១ ខែកក្កដា ក្រសួងការពារជាតិអាមេរិកបានប្រកាសពីកញ្ចប់ជំនួយយោធាលើកទី១៤ដល់ប្រទេសអ៊ុយក្រែន មានតម្លៃរហូតដល់ទៅ៨២០លានដុល្លារ ។ ជំនួយនោះមានប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាស និងគ្រាប់រំសេវជាច្រើន។
ជាមួយគ្នានេះដែរ ប្រទេស ន័រវែសក៏បានសន្យាផ្តល់ថវិកាសរុប ១ពាន់លានអឺរ៉ូ ដើម្បីជួយអ៊ុយក្រែនដែរ។ នៅថ្ងៃទី១ខែកក្កដា ន័រវែសបានសន្យាផ្តល់ថវិកាសរុបចំនួន ១ពាន់លានអឺរ៉ូ (១.០៤ពាន់លានដុល្លារអាមេរិក) ដើម្បីជួយអ៊ុយក្រែនការពារខ្លួនទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៉ី ព្រមទាំងដើម្បីគាំទ្រដល់ប្រជាជនដែលជួបទុក្ខលំបាក ហើយនិងសម្រាប់កិច្ចប្រឹងប្រែងស្ថាបនាប្រទេសឡើងវិញ។
ថ្លែងនៅក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯទីក្រុងកៀវ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នាយករដ្ឋមន្រ្តីន័រវែស លោក ចូណាស ហ្កាស្តូរេ (Jonas Gahr Stoere) បាននិយាយថា ន័រវែសចង់បង្ហាញសាមគ្គីរបស់ខ្លួនជាមួយការខិតខំតស៊ូប្រយុទ្ធដើម្បីសិទ្ធិរស់រានរបស់អ៊ុយក្រែន។
លោក ហ្កាស្តូរេ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមកកាន់ទីនេះដើម្បីនិយាយថា ការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែន មិនត្រឹមសម្រាប់តែអ៊ុយក្រែនផ្ទាល់ប៉ុណ្ណោះទេ។ នេះគឺពាក់ព័ន្ធអំពីគោលការណ៍គ្រឹះមួយចំនួននៃពិភពលោក ដែលយើងនឹងផ្តល់ឱ្យក្មេងៗជំនាន់ក្រោយ។ នេះគឺពាក់ព័ន្ធអំពីសន្តិសុខនៅអឺរ៉ុបទាំងមូល ហើយនេះក៏ពាក់ព័ន្ធនឹងជោគវាសនានៃប្រទេសជិតខាងរបស់អ្នកផងដែរ»។
ជាចុងក្រោយ លោកនាយករដ្ឋមន្រ្តីន័រវែស បានសន្យាផ្តល់ថវិកាសរុប១ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសនិងប្រជាជនអ៊ុយក្រែន សម្រាប់ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣ ហើយលោកបានសង្កត់ធ្ងន់ថា សង្រ្គាមសព្វថ្ងៃគឺបំពានច្បាប់អន្តរជាតិ ខណៈដែលអ៊ុយក្រែនមានសិទ្ធិការពារខ្លួនឯង ហើយន័រវែសមានសិទ្ធិក្នុងការជួយអ៊ុយក្រែនការពារខ្លួន៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters