ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងទៅមុជទឹកបឹងលង់ស្លាប់ត្រូវបានគេប្រទះឃើញពេលសាកសពអណែ្តតឡើង

ចែករំលែក៖

  ខេត្តក្រចេះ ៖ បុរសម្នាក់ផឹកស្រាអត់ហូបបាយ លុះពេលស្រវឹងដើរទៅមុជទឹកបឹងម្នាក់ឯង ហើយដួលធ្លាក់ចូលក្នុងបឹងលង់ទឹកស្លាប់ រហូតដល់សពអណ្តែតឡើងទើបប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យផ្ទាល់ និងប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យ។

ហេតការណ៍ប្រទះឃើញសាកសពនោះគឺនៅវេលាម៉ោង៣៖៣០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នៅចំណុចស្រែខ្ចេន ស្ថិតក្នុងភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ វ៉ាន់ ហឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានប្រពន្ធឈ្មោះ ផាន ចាន្នី អាយុ២៤ឆ្នាំ  មុខរបរមេផ្ទះ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹងរួចដើរទៅមុជទឹកនៅចំណុចកើតហេតុតែម្នាក់ឯង ហើយប្រហែលជាដួលចូលក្នុងបឹងទើបបណ្ដាលឱ្យឈ្លក់ទឹកស្លាប់តែម្ដង។

     តាមការបំភ្លឺរបស់ឈ្មោះផាន ចាន្នី ត្រូវជាប្រពន្ធបានប្រាប់ថា ប្ដីរបស់គាត់បានផឹកស្រាស្រវឹងពុំបានហូបបាយអស់រយ:ពេលពីរបីថ្ងៃមកហើយៗក៏ស្រាបតែកើតហេតុនេះឡើងតែម្តង។

      ក្រោយកើតហេតុកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដារ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សពឈ្មោះ វ៉ាន់ ហឿន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌនោះទេ រួចក៏បានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖