នៅថ្ងៃទី២ខែកក្កដា(ពេលវេលាអាមេរិក) បណ្តាក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើររាប់រយជើងទាំងទៅទាំងមកនៅសហរដ្ឋអាមេរិក ដោយសារតែកង្វះបុគ្គលិក។ ការលុបចោលជើងហោះហើរនេះគឺចំពេលដែលអាមេរិកចាប់ផ្តើមថ្ងៃសម្រាករយៈពេលវែង ក្នុងឱកាសនៃបុណ្យឯករាជ្យអាមេរិក ៤ខែកក្កដា។
តាមគេហទំព័រមានឯកទេសតាមដានការហោះហើរនៅលើពិភពលោក flightaware.com បានផ្សាយថា មានជើងហោះហើរជាង៦០០ជើងទាំងទៅទាំងមកនៅអាមេរិក ត្រូវបានលុបចោលនៅល្ងាចថ្ងៃទី២ខែកក្កដា(ពេលវេលាអាមេរិក) ។ ក្រៅពីនេះក៏មានជើងហោះហើររហូតដល់ទៅ ៣៣០០ជើងត្រូវពន្យារពេល ។
កាលពីថ្ងៃទី១ខែកក្កដា ក៏មានជើងហោះហើរ៥៨៧ជើងត្រូវលុបចោលដែរ។ នៅទូទាំងពិភពលោកមានជើងហោះហើរចំនួន៣០៦១ជើងត្រូវបានលុបចោលនៅថ្ងៃទី១ខែកក្កដា។ ស្ថានភាពនៃការលុបចោលជើងហោះហើរនឹងបន្តទៀតនៅថ្ងៃទី៣ខែកក្កដានេះ ។
មូលហេតុនៃការលុបចោលជើងហោះហើរជាច្រើនដោយសារតែកង្វះបុគ្គលិក ហើយបុគ្គលិកដែលបានផ្អាកពីការងារក្នុងសម័យកូវីដ-១៩ មិនបានវិលត្រឡប់មកធ្វើការវិញឡើយដោយសារតែពួកគាត់បានទៅធ្វើការងារផ្សេង៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN