ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់រថយន្តមួយគ្រឿង​ ដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោន​ នាំចូលពីប្រទេសថៃ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី០៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ​កម្លាំង​នគរបាលស្រុកកំរៀង​ បានឃាត់ខ្លួន​បុរសម្នាក់​ និង​រថយន្ត​មួយ​គ្រឿង​ ដែលដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោន​ នាំចូលពីប្រទេសថៃ។ ​

របាយការណ៍​ដដែល​បន្តថា​ កម្លាំង​នគរបាល​ស្រុក​កំ​រៀង​ដែល​មាន​លោក​វរសេនីយ៍ទោ​ វេ​ គឹ​មចត់​ អធិការ​នគរបាល​ស្រុក​ កាលពីវេលាម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​០២​ ខែកក្កដា​ម្សិលមិញនេះ​​ ត្រង់​ចំណុច​គោលដៅ​ចរាចរណ៍​ភូមិ​បឹង​រាំង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ឃាត់​រថយន្ត​ចំនួន​០១​គ្រឿង​ ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​កំពង់ចាម​ 2A-0087​ បើកបរ​ដោយ​ឈ្មោះ​ សុខ​ ចាន់​ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ប្រគាប​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​

​កម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ឃើញ​មាន​ប្រហិត​ចម្រុះ​ខូចគុណភាព​ប្រមាណ​ជាង​ ២,០០០​គីឡូក្រាម​ ដែល​ផ្ទុក​ពេញ​រថយន្ត​ ។​

​បច្ចុប្បន្ន​ នៅព្រឹកថ្ងៃអាទិត្យ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ បាន​បញ្ជូន​ទាំង​ម្ចាស់​ និង​ប្រហិត​ចម្រុះ​ទាំងនេះ​មក​កាន់​ការិយាល័យ​ជំនាញ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖