ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៩៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៥០១គ្រឿង ម៉ូតូ ២.២១៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៥២គ្រឿង មានម៉ូតូចំនួន ៤២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល០៣ថ្ងៃ(ថ្ងៃទី០១-០៣ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅសរុបមានចំនួន ៨.៦០០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨៧៧គ្រឿង ម៉ូតូមានចំនួន ៧២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៣ថ្ងៃនៃខែកក្កដានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖អារុណរះ(រូបភាព៖ ឯកសារ)