ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនដ្រាបើកបត់ត្រឡប់ក្រោយលឿនពេកជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ រួចអ្នកបើករថយន្តបង្កបានបើករត់បាត់

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងតាមដងផ្លូវសុខៗស្រាប់តែមានរថយន្ដម៉ាកTUNDRA មួយគ្រឿងបើកបត់ត្រឡប់ក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខខារ៉ាអូខេជីនជន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា​២​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះវីរ: យុទ្ធា ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុឃើញរថយន្ដម៉ាកTUNDRA មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK-0674ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តនេះបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BL-5264 ជិះដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើត ពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះរថយន្តបង្កហេតុបានឈប់មើលជនរងគ្រោះដែរ តែពេលឃើញសភាពមិនស្រួលក៏បានបើករថយន្តចេញពីកន្លែងកើតហេតុរត់គេចខ្លួនបាត់ទៅ តែត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុថតស្លាកលេខរថយន្តបង្កបាន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្កដើម្បីយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖