ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីមួយក្រុម បានជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ហើយអ្នកបើកបានបត់ឆ្លងផ្លូវចូលព្រលានយន្តហោះមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយមនុស្សប្រុសស្រី៣នាក់ក្នុងល្បឿនលឿនជ្រុលទៅបុកពីចំហៀងរថយន្ដពេញទំហឹងបណ្ដាលឱ្យអ្នកទាំង៣រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២២ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រង់ចំណុចភ្លើងស្តុបថ្មី តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងជនជាតិចិនប្រុសស្រី២-៣នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BT-5705ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃចូលទៅព្រលានយន្តហោះ ហើយខណៈបត់ចូលជិតផុតទៅហើយក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AE-9574 បើកដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រី ២នាក់ទៀតធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុកពីចំហៀងរថយន្តខាងស្តាំពេញទំហឹងបណ្ដាលឱ្យបោកផ្ទប់នឹងកញ្ចក់រថយន្តរងរបួសធ្ងន់ទាំងបីនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ