ខេត្តកោះកុង៖ ទឹកធ្លាក់ “ឆាយតាភោគ” តំបន់ទឹកធ្លាក់ ដ៏មានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិមួយកន្លែងថ្មីមួយទៀត កំពុងលាក់ខ្លួន ពួនសម្រស់ នៅលើខ្នងភ្នំម្រេចកង្កែប នៃតំបន់អារ៉ែង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។
បេីតាមការបញ្ជាក់ពីលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដឹកនាំក្រុមការងារជំនាញ សហការជាមួយគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងឆាយអារ៉ែង បានធ្វើការស្រាវជ្រាវរុករកទីតាំងឃើញទតាំងសក្តានុពលទេសចរណ៍ធម្មជាតិ នៅតំបន់ទឹកធ្លាក់នៅលើខ្នងភ្នំម្រេចកង្កែបកាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២។
សូមជម្រាបថា ទឹកធ្លាក់”ឆាយតាភោគ” មានកម្ពស់ប្រមាណ ១៥ម៉ែត្រ ហូរធ្លាក់ចុះមកក្រោម ហើយមានចំងាយពីទីតាំង ពយភ្នំម្រេចកង្កែប ប្រវែងប្រមាណ ២៥០ម៉ែត្រ ប៉ុណ្ណោះ។ កន្លងមក ទឹកធ្លាក់នេះហាក់ដូចជាកន្លែងធម្មជាតិថ្មីមួយទៀត ដែលអ្នកទេសចរណ៍ មិនទាន់បានទៅដល់ នៅពេលពួកគេមកកម្សាន្តនៅតំបន់ទេសចរណ៍ស្ទឹងអារ៉ែង។
មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកោះកុង សង្ឃឹមជឿជាក់ថា ទឹកធ្លាក់នៅកន្លែងថ្មីនេះ នឹងបម្រើវិស័យទេសចរណ៍មួយកន្លែងទៀតក្នុងខេត្តកោះកុង ព្រមទាំងជួយដល់ការលើកកម្ពស់ សេដ្ឋកិច្ចមូលដ្ឋាន មួយកម្រិតទៀត៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច