ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញចរាចរណ៍ផ្លូវគោកស្រុកសាលាក្រៅបានឱ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តនឹងម៉ូតូនៅចំណុចរង្វង់មូលព្រះគោ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្ត្រីនគរបាលជំនាញបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យខូចខាតរថយន្តចំនួន១គ្រឿង និងម៉ូតូចំនួន១គ្រឿង ហើយបុរសម្នាក់បានរងរបួសធ្ងន់។
អ្នកបើកបររថយន្តឈ្មោះ ទូច ញៀន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរយោធា បើកបររថយន្តម៉ាក Lexus LX470 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2E-6878 (រត់គេចខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ តឿ ទី ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ1A-8608 (រងរបួសធ្ងន់បាក់ភ្លៅ)។
មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់នេះគឺបណ្តាលមកពីជនរងគ្រោះបើកបរម៉ូតូឆ្វែលរង្វង់មូលព្រះគោតាមទិសដៅរបស់ខ្លួន ប៉ុន្តែជនបង្កដែលបើកបររថយន្តគឺបើកក្នុងល្បឿនលឿននិងបញ្ច្រសរង្វង់មូល ហេតុនេះហើយទើបបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
មន្ត្រីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបានបន្តថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែករថយន្តនិងម៉ូតូត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ស សារ៉េត