ភ្នំពេញ ៖ ក្មេងស្រីម្នាក់តូចចិត្តរឿងគ្រួសារ និងមានរឿងលាក់ទុកក្នុងចិត្ត មិនព្រមនិយាយប្រាប់អ្នកណា ហើយបានសរសេរពាក្យបណ្ដាំទុកចោលលើស្ពានជ្រោយចង្វា ហើយក៏លោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាក្មេងស្រីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនជាច្រើនលើកច្រើនសារនោះ មិនត្រូវស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា នាងមានអាយុ២៣ឆ្នាំ ។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញក្មេងស្រីរូបនេះ ឈរយំតែម្នាក់ឯងនៅលើស្ពានជ្រោយចង្វាចាស់រួចប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋខ្មែរ-អ៊ិស្លាមចេញទូកជួយសង្គ្រោះទាន់ពេល ។
ប្រពលរដ្ឋបន្តថាក្រោយកើតហេតុនៅលើស្ពានគេឃើញមានលិខិតបណ្តាំមួយសន្លឹក ដែលបានសរសេរផ្តាំផ្ញើទៅអ្នកម្តាយ ដោយសរសេរថា «ខ្ញុំល្ងង់ណាស់ដែលយកផ្លូវនឹង តែវាសាកសមនឹងខ្ញុំហើយ… ម៉ាក់លែងបានជេរខ្ញុំទៀតហើយ» និងមានស្បែកជើងមួយគូរនៅលើស្ពាននោះផងដែរ ។
សូមបញ្ជាក់ថា ករណីនេះគឺជាការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនរបស់ក្មេងស្រីរូបនេះគឺជាលើកទី៣ហើយ ដែលកាលពីអំឡុងខែមិថុនា ក្មេងស្រីរូបនេះក៏ធ្លាប់មកលើស្ពានប៉ុនប៉ងលោតទឹកចំនួន២ដងរួចមកហើយ តែត្រូវបានជួយសង្គ្រោះទាន់ ។
បើតាមសម្តីក្មេងស្រីរូបនេះនិយាយដោយខ្លីថា «នាងជាមនុស្សមិនបានការ ធ្វើអ្វីក៏មិនបានសម្រេច» ចំណែករឿងអ្វីផ្សេងទៀត គឺនាងមិនព្រមនិយាយឡើយ។
បន្ទាប់ពីកើតហេតុ ក្មេងស្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនត្រូវបានប្រជាពលរដ្ឋខ្មែរ-អ៊ិស្លាមជួយសង្គ្រោះយកមកប្រគល់ឲ្យសមត្ថកិច្ចប្រចាំការនៅក្រោមស្ពានជ្រោយចង្វា រួចទាក់ទងហៅសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ ៕
ដោយ៖ជ្រោយពេជ្រ