ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមន្រ្តីអមដំណើរជាច្រើនរូបទៀត បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគ-បរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ០៩ ស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង។
ទេយ្យវត្ថុ ដែលត្រូវវេរប្រគេននាឱកាសនោះបានធ្វើឡើងនៅទីអារាមវត្តត្រកៀត ស្ថិតក្នុងឃុំរកា ស្រុកពារាំង ដោយក្នុងមួយវត្តប្រគេនទៀនវស្សា ០១គូរ, អង្ករ ១០០គីឡូក្រាម, ទឹកក្រូច ០៥យួរ មី ០២កេសធំ, ត្រីខ , ទឹកបរិសុទ្ធ ០៥កេស, ទឹកត្រី ០៥យួរ, ទឹកស៊ីអ៊ីវ ០៥យួរ, តែ ១០គីឡូក្រាម, ប្រេងម៉ាហ្សូត ៣០លីត្រ និងថវិកា ៤,៣០០,០០០រៀល ។
ក្នុងមតិសំណេះសំណាល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីតម្តៃ សន្តិភាព ដែលរកបានដោយលំបាក ក្រោមនយោបាយ ឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយសារមានសន្តិភាពនេះហើយ ទើបផ្តល់ឱកាសឲ្យការអភិវឌ្ឍសង្គមជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមថែរក្សាការពារសន្តិភាពឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីបង្ការជំងឺឆ្លងកូវីដ១៩ ។
ទន្ទឹមនោះនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតអាណត្តិថ្មី ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាពផងដែរ ដើម្បីភូមិឃុំមានសុវត្តិភាព និងមានការអភិវឌ្ឍរីកចម្រើន៕
ដោយ៖ សូរិយា