ភ្នំពេញ ៖ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រតិភូ ជាថ្ងៃកាន់ទុក្ខផ្លូវការជូនចំពោះវិញ្ញាណក្ខន្ធសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែកក្កដាកន្លងទៅ។
លោក ហ៊ុន ម៉ានី ថ្លែងថា, ឆ្លៀតឱកាសក្នុងពិធីបើកសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកនេះ យើងបានធ្វើការស្មឹងស្មាធរយៈពេល ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ដែលជាមិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា។ យើងនឹងចងចាំនូវការចូលរួមដ៏ធំធេងរបស់ឯកឧត្តមក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ។ សូមវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា, ក្តីស្រឡាញ់ និងការចងចាំ នឹងស្ថិតនៅជាអមតៈ !!!
រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះឃាតកម្មដ៏ព្រៃផ្សៃនេះ។ ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ជប៉ុន និងជាមិត្តភក្ដិជាទីគោរពស្រលាញ់ របស់កម្ពុជា ហើយមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាការបាត់បង់ដ៏គួរឱ្យសោក សង្រេង មិនត្រឹមតែសំរាប់ប្រជាជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏សំរាប់ប្រជាជនកម្ពុជា ផងដែរ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត និងសំដែង នូវសមានចិត្តដ៏ស្មោះស្ម័គ្រជាទីបំផុតជូនចំពោះគ្រួសារសពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ រដ្ឋាភិបាល និងប្រជាជនជប៉ុន៕
ដោយ ៖ សិលា