ភ្នំពេញ ៖ នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។ កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែ កក្កដា ២០២២ ។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ។
កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍។ ក្នុងនោះកម្ពុជា បានសន្សំប្រាក់សម្រាប់ចំណាយលើការប្រកួតនេះក្នុងមួយឆ្នាំប្រមាណជា ៤០ពាន់លានរៀល ឬស្មើនឹង ១០លានដុល្លារអាមេរិក។
ដើម្បីឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារជាច្រើន ជាពិសេសការងារផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ខាងមុខនោះ ៕
ដោយ ៖ សិលា