ព័ត៌មានទាន់ហេតុការណ៍៖

UEFA និង FIFA នឹងតតាំងជាមួយក្រុមដែលបង្កើតលីគថ្មី Super League នៅសវនាការតុលាការកំពូលរបស់អឺរ៉ុប

ចែករំលែក៖

ស្ថាប័នបាល់ទាត់ UEFA និង FIFA នៅសប្តាហ៍ក្រោយនឹងស្វែងរកការបញ្ចុះបញ្ចូលតុលាការកំពូលរបស់អឺរ៉ុបថា ពួកគេមានសិទ្ធិរារាំងក្លិបដែលគ្រោងបង្កើតថ្មីមិនឱ្យចូលរួមក្នុងលីគផ្តាច់ខ្លួន និងពិន័យអ្នកលេងនៅក្នុងករណីដែលអាចបង្កើតផ្តាច់មុខ និងសិទ្ធិប្រព័ន្ធផ្សព្វផ្សាយដែលរកកម្រៃបាន។

វិវាទរវាង UEFA, FIFA និងលីគដែលគ្រោងបង្កើតថ្មី European Super League មានផលប៉ះពាល់ដល់កីឡា ក្លិប និងកីឡាករផ្សេងទៀតដែលកំពុងសម្លឹងមើលកិច្ចព្រមព្រៀងរកប្រាក់ចំណេញដែលផ្តល់ដោយស្ថាប័ននេះ ហើយសង្ឃឹមថានឹងអាចរកប្រាក់បានក្នុងអំឡុងពេលអាជីពខ្លីនេះ។

ក្របខ័ណ្ឌ European Super League ត្រូវបានប្រកាសកាលពីខែមេសាឆ្នាំមុនបានដួលរលំក្នុងរយៈពេលតិចជាង៤៨ម៉ោងបន្ទាប់ពីការស្រែកតវ៉ាពីសំណាក់អ្នកគាំទ្រ រដ្ឋាភិបាល និងកីឡាករបានបង្ខំឲ្យក្លិបធំៗដូចជាManchester United, Liverpool, Manchester City, Chelsea, Tottenham Hotspur, Arsenal, AC Milan, Inter Milan និង Atletico Madrid សម្រេចចិត្តចាកចេញ។

ទោះ​ជា​យ៉ាង​ណាក្លិប Real Madrid, Barcelona និង Juventus នៅ​តែ​រក្សាការចូលរួមក្នុងលីគនេះ​ដដែល។ លីគបានយកការសោកស្ដាយរបស់ខ្លួនទៅកាន់តុលាការអេស្ប៉ាញដែលបានស្វែងរកការណែនាំពីតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប (CJEU) ដែលមានមូលដ្ឋាននៅលុចសំបួ។ បញ្ហាគឺថា តើបទប្បញ្ញត្តិមួយចំនួននៅក្នុងលក្ខន្តិកៈរបស់ FIFA និង UEFA ដែលអនុញ្ញាតឱ្យពួកគេរារាំងព្រឹត្តិការណ៍គូប្រជែងស្របតាមច្បាប់របស់សហភាពអឺរ៉ុបប្រឆាំងនឹងក្រុមហ៊ុន ឬស្ថាប័នដែលបំពានលើការគ្រប់គ្រងរបស់ពួកគេឬទេ?

CJEU ក៏នឹងត្រូវសម្រេចថា តើការគំរាមកំហែងរបស់ស្ថាប័នទាំងពីរចំពោះក្លិប និងកីឡាករមិនឱ្យចូលរួមក្នុង Super League ឬហាមឃាត់ពួកគេមិនឱ្យចូលរួមក្នុងការប្រកួតជម្រើសជាតិគឺជាការបំពានអំណាចរបស់ពួកគេ?​ សិទ្ធិប្រព័ន្ធផ្សព្វផ្សាយរបស់ UEFA និង FIFA ក្នុងការប្រកួតប្រជែងក៏ជាបញ្ហាមួយទៀតសម្រាប់តុលាការក្នុងអំឡុងពេលសវនាការថ្ងៃទី១១-១២ខែកក្កដា ដែលសេចក្តី​សម្រេច​មួយ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​នៅ​ឆ្នាំ​ក្រោយ​ឬ​ក្រោយ​មក។

UEFA ធ្លាប់​បានប្រកាស​ថា ខ្លួន​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​យុត្តាធិការ​ពាក់ព័ន្ធ​ទាំង​អស់។ អ្នកតំណាងរបស់ Super League បាននិយាយថា “យើងមានទំនុកចិត្តថា តុលាការយុត្តិធម៌អឺរ៉ុបនឹងបកស្រាយច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុបបានត្រឹមត្រូវ និងគំរូដែលមានស្រាប់” ។

លោក Mark Orth នៅក្រុមអ្នកច្បាប់ MEOlaw បាននិយាយថា “វាដល់ពេលហើយសម្រាប់ការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធ។ ជំហរផ្តាច់មុខនៃសហព័ន្ធកីឡានាពេលបច្ចុប្បន្ននេះ មិនត្រូវបានប្រកួតប្រជែងដោយការប្រកួតប្រជែងនោះទេ ប៉ុន្តែជំនួសមកវិញដោយការផ្តល់ភាពផ្តាច់មុខ ដែលការពារការកើតឡើងនៃការប្រកួតគ្រប់ប្រភេទ គឺជាប្រភពនៃការអភិវឌ្ឍន៍ដ៏អាក្រក់ជាច្រើននៅក្នុងពិភពកីឡា។ សំណួរនៃភាពជាម្ចាស់នៃសិទ្ធិប្រព័ន្ធផ្សព្វផ្សាយគឺជាសំណួរដែលសម្រេចចិត្តនៅក្នុងគ្រប់កីឡាទាំងអស់ ហើយសម្រេចចិត្តលើទំនាក់ទំនងរវាងសហព័ន្ធនិងក្លិប” ។

ប្រទេសអឺរ៉ុបជាង២០ និងគណៈកម្មការអឺរ៉ុបកំពុងគាំទ្រ UEFA និង FIFAលើករណីសំណុំរឿង C333/21 European Superleague Company នេះ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖