ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចូលរួមចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់ពីរ និងតំបន់បី បងប្អូនប្រជាពលរដ្ឋកំពុងតែអាស្រ័យផល ពិសេសគឺកំពុងរាបចំដីភ្ជួររាស់ ត្រៀមសម្រាប់ទឹកស្រកទៅវិញ ធ្វើស្រែប្រាំងបន្តទៀត ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យបន្ថែមទៀត ព្រមទាំងបោះបង្គោលព្រំដី និងណែនាំបន្តដល់បងប្អូនប្រជាកសិករដែលអាស្រ័យផលលើដីតំបន់ពីរ និងតំបន់បីគឺស្រ័យផលធម្មតា។ ដើម្បីជួយដោះស្រាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតំបន់បឹងទន្លេសាបកន្លងទៅថ្មីៗនេះ។
លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចអាជ្ញាធរមូលដ្ឋានត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីដែលអាស្រ័យផល សូមខិតខំជួយការពារឲ្យបានគង់វង្ស។ ក្នុងនោះផងដែរប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេក្រុមការងារនឹងចុះទៅដល់គោលដៅដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំង ដូសជំរុញ ឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពនៅជិតបំផុត ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យមានការីករាលដល់សហគមន៍ ៕
ដោយ៖សហការី(កំពង់ធំ)