ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តបុកម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៧០-៧១។
ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១២ៈ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់ដោយសាររថយន្តបុកម៉ូតូនោះមានឈ្មោះ មុំ វ៉ាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ១B-០២៦៩ បើកបរពីទិសខាងកើតទៅទិសខាងលិច ហើយពេលមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿងម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ៣F-៤៧៨៤ សណ្ដោងសឺមីរ៉ុម៉កពាក់ស្លាកលេខភ្នំពេញ៤A-៤១៦១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួនបាត់) បើកបរពីទិសខាងលិចទៅទិសខាងកើតបានបើកបុកម៉ូតូពេញទំហឹងនិងអូសជាច្រើនម៉ែត្របណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។
ប្រភពបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងព្រមទាំងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងទាំង២សមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីបន្តតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា