ខ្សែប្រយុទ្ធ Raphinha របស់ក្រុម Leeds United នឹងទៅចូលរួមជាមួយក្រុមយក្សនៅអេស្ប៉ាញ Barcelona បន្ទាប់ពីក្លិបទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងមួយ។ ការផ្លាស់ប្តូរសម្រាប់កីឡាករប្រេស៊ីលវ័យ២៥ឆ្នាំត្រូវបានគេរាយការណ៍ថាមានតម្លៃ៥៨លានអឺរ៉ូ (៤៩លានផោន) ។
ក្លិបទាំងពីរបានប្រកាសថា កិច្ចព្រមព្រៀងជាគោលការណ៍ ត្រូវបានឈានដល់ ដោយរង់ចាំកីឡាកររូបនេះឆ្លងកាត់ការពិនិត្យសុខភាព។ ក្នុងពីររដូវកាលនៅ Elland Road Raphinha លេងបាន៦៥ប្រកួតនៅ Premier League ដោយស៊ុតបញ្ចូលទី១៧គ្រាប់ និងបញ្ជូនបាល់ Assists ១២ដង។
លោក Jesse Marsch គ្រូបង្វឹកក្រុម Leeds បានបញ្ជាក់ថា កីឡាកររូបនេះនឹងចាកចេញ។ លោក Marsch បាននិយាយក្នុងកំឡុងដំណើរប្រកួតទេសចរណ៍មុនរដូវកាលរបស់ក្លិបនៅប្រទេសអូស្ត្រាលីថា “ខ្ញុំសង្ឃឹមសម្រាប់គាត់ក្នុងការទទួលបានកិច្ចព្រមព្រៀងនេះ ព្រោះខ្ញុំដឹងថា វាជាសុបិនរបស់គាត់ក្នុងការលេងឱ្យ Barcelona” ។
កីឡាកររូបនេះសម្លឹងរកការផ្ទេរទៅ Chelsea មុនពេល Barcelona បង្ហាញការចាប់អារម្មណ៍លើគាត់។ ចំណែកក្រុម Arsenal និង Spurs របស់ Premier League ក៏ត្រូវបានគេយល់ថា ចង់បានអតីតកីឡាករ Rennes ដែរ ប៉ុន្តែជម្រើសដែលគាត់ពេញចិត្តគឺតែងតែជាក្លិបអេស្ប៉ាញ។
លោក Marsch បាននិយាយថា ប្រាក់សម្រាប់ Raphinha និងពីការលក់ខ្សែបម្រើ Kalvin Phillips ទៅ Manchester City អនុញ្ញាតឱ្យយើងដឹកនាំក្លិបលើជំហានបន្ទាប់ដែលយើងត្រូវទៅនាពេលអនាគត។ តម្លៃសម្រាប់ការផ្លាស់ប្តូររបស់ Raphina ទៅកាន់ Nou Camp នៅទីបំផុតអាចកើនឡើងដល់៦៥លានអឺរ៉ូ (៥៤.៧លានផោន) ជាមួយនឹងកម្មវិធីបន្ថែម។
Raphinha បានផ្លាស់ទៅ Leeds ពីក្លិបបារាំង Rennes ក្នុងតម្លៃ១៧លានផោនក្នុងឆ្នាំ២០២០ ហើយនៅសល់កុងត្រា២ឆ្នាំទៀតនៅទឹកដី Elland Road។ ក្លិបបារាំងត្រូវបានគេជឿថា នឹងត្រូវលក់ចេញដោយផ្អែកលើប្រាក់ចំណេញដែល Leeds រកបាន។
លោក Marsch បានលុបឈ្មោះ Raphinha ចេញពីកម្មវិធីប្រកួតមុនរដូវកាលរបស់ក្រុមសម្រាប់ដំណើរប្រកួតទេសចរណ៍៣ប្រកួតនៅប្រទេសអូស្ត្រាលី ដោយសង្ឃឹមថា អនាគតរបស់គាត់អាចត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែបម្រើស្លាបរូបនេះបានត្រឡប់ទៅហ្វឹកហាត់នៅទីលានហ្វឹកហាត់ Thorp Arch របស់ក្លិបវិញជាមួយនឹងក្រុមដែលនៅសល់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)