បណ្តាតំណាងរាស្ត្រស្រីលង្កាបានជួបប្រជុំគ្នានៅថ្ងៃទី១៦ខែកក្កដា ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយពេលប្រធានាធិបតី Gotabaya Rajapaksa បានចាកចេញពីប្រទេសហើយផ្ញើលិខិតលាលែងចេញពីតំណែងទៅកាន់រដ្ឋសភា។
លោក Dhammika Dassanayake អគ្គលេខាធិការរដ្ឋសភាស្រីលង្កា បានលើកឡើងថា មូលហេតុដែលរដ្ឋសភាកោះប្រជុំគឺដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។ លោកបន្តទៀតថា «បណ្តាតំណាងរាស្ត្រកិត្តិយសតាមមាត្រាទីពីរនៃច្បាប់បោះឆ្នោតឆ្នាំ១៩៨១ ក្នុងពេលសភាមិនទាន់រំលាយ ហើយតំណែងប្រធានាធិបតីនៅទំនេរក្នុងរយៈពេល៣ថ្ងៃគឺត្រូវតែប្រជុំដើម្បីជ្រើសរើសប្រធានាធិបតីថ្មី»។
តាមគម្រោង បេក្ខភាពប្រធានាធិបតីថ្មីនឹងត្រូវបានជ្រើសតាំងនៅថ្ងៃទី១៩ខែកក្កដា ហើយនៅថ្ងៃទី២០ ខែកក្កដានឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើស ។ នៅក្នុងកិច្ចប្រជុំរដ្ឋសភា លេខារដ្ឋសភាក៏បានអានលិខិតលាលែងចេញពីតំណែង របស់ប្រធានាធិបតីទៅកាន់សភាទាំងមូលផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters