ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបឡង់គ្រឺស័របើកឆ្លងផ្លូវលឿន ត្រូវម៉ូតូជិះបុកពីចំហៀងពេញទំហឹង បណ្តាលឱ្យបុរសម្នាក់រងរបូសធ្ងន់ រួចបើករត់ផ្អើលប្រជាពលរដ្ឋដេញឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ ៖ មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺស័របានបើកឆ្លងផ្លូវក្នុងល្បឿនលឿន ស្រាប់តែត្រូវម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២២ នៅចំណុចស្តុប ២៤ម៉ោង តាមបណ្តោយផ្លូវហាណូយ កែងនិងផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  ក្រោយមករថយន្តមិនឈប់នៅកន្លែងកើតហេតុនោះទេ ដោយបានព្យាយាមបើករត់តាំងពីខណ្ឌសែនសុខ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់នៅខណ្ឌ៧មករា ។

     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកឡង់គ្រឺស័រមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-0189 បើកបរនិងរួមដំណើរមានប្រុសស្រីចំនួន៤នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចស្តុបបំបែកជាបួនកន្លែងកើតហេតុខាងលើ ដោយមិនប្រយ័ត្ន ខណៈនោះក៏ម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CE-7123ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ឆ្លងទៅផ្លូវសម្ដេចជាស៊ីម ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្ដពីចំហៀងពេញទំហឹងបណ្ដាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានដឹកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ចំណែករថយន្តស៊េរីទំនើបឡង់គ្រឺស័រមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់ រហូតមកដល់ចំណុចវត្តព្រះពុទ្ធ នៅតាមបណ្តោយផ្លូវ ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ រួចបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌ៧មករាចុះមកអន្តរាគមន៍ភ្លាមៗ ហើយបានឃាត់អ្នកបើកបរនិងអ្នករួមដំណើរព្រមនឹងរថយន្ត នាំយកមកអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បណ្ដោះអាសន្ន ដើម្បីទុកប្រគល់ជូនសមត្ថកិច្ចខណ្ឌសែនសុខ យកទៅធ្វើការដោះស្រាយគ្នាតាមច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖