ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការៀបចំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៩ ដល់ ២១ កក្កដា

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា, ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្រុមការងារ SOMTC-កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ (22nd SOMTC and Its Related Meetings) ចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ។

សូមជម្រាបជូនដែរថា កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ គឺវេទិកាសម្រាប់មន្ដ្រីជាន់ខ្ពស់មកពីបណ្ដារដ្ឋសមាជិកអាស៊ាន ជួបពិភាក្សាលើកម្មវិធីការងារ និងពិនិត្យឡើងវិញនូវផែនការសកម្មភាពដែលបានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅអនុវត្តបន្ដ ព្រមទាំងផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ ជាពិសេសលើវិស័យទាំង១០ ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការរបស់ SOMTS រួមមាន៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្ដរជាតិ បទល្មើសបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។

លើសពីនេះទៀត ក្នុងក្រខណ្ឌនៃកិច្ចប្រជុំលើកទី២២ នេះដែរ ក្រុមការងារ SOMTC-កម្ពុជា ក៏នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ រវាងមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនា ចិន-ជប៉ុន-កូរ៉េខាងត្បូង (19th SOMTC+3)៕

ដោយ ៖ សិលា


ចែករំលែក៖