ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងសង្ស័យអ្នកបើកបរបើកលឿនពេកដល់ផ្លូវកោងបួងចង្កូតមិនទាន់បានជ្រុលទីបុករះបង្គោលថ្ម លូ និងផ្ទាំងថ្មនៅតាមចិញ្ចើមផ្លូវបណ្ដាលឱ្យដួលរលំនិងបែកបាក់រាយប៉ាយពេញផ្លូវ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិកក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Rancher មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-3198 ធ្វើដំណើរពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវកោងដោយសាតែកុងបើកលឿនពេកបួងចង្កូតមិនទាន់ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះបង្គោលថ្មជាច្រើនដើម បុកលូ និងផ្ទាំងថ្ននៅតាមចិញ្ចើមផ្លូវបណ្ដាលឱ្យដួល និងបែកបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្តក្រឡប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះតៃកុងរថយន្តបានចេញពីរថយន្តគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ