ភ្នំពេញ៖ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៧,៩៨០,៥៧ ប៊ីលានរៀល (ប្រមាណជា១,៩៧០ .៥១ លានដុល្លារ) ស្មើនឹង ៦៩,៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានការកើនឡើងចំនួន១,៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤លានដុល្លារ) ស្មើនឹង២៩.៨៧%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២។
អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថាក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗគឺបានរក្សាកំណើនបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូលទទួលបាន២៧.១៩% អាករលើតម្លៃបន្ថែម៣៣.៣៧% ពន្ធលើប្រាក់បៀវត្ស ២៥.១៦% អាករពិសេស៣៤.០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ៤៤.៣៨% និងពន្ធលើឈ្នួលផ្ទះ និងដី ១០.១២%។
ដោយឡែកចំពោះចំណូលពន្ធក្នុងខែមិថុនា អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករតាមប្រព័ន្ធគ្រប់ គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន៩៨៦,១០ប៊ីលានរៀល (ប្រមាណជា២៤៣ ,៤៨ លានដុល្លារស្មើនឹង ៨,៦៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ចំនួននេះបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមិថុនា កាលពីឆ្នាំ២០២១ គឺមានការកើនឡើង ៧៥,៨៧ លានដុល្លារ ស្មើនឹង ៤៥,២៧%។
ធនាគារពិភពលោក (World Bank) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងវិញ ៤.៥% នៅឆ្នាំ២០២២នេះ នឹងកើនឡើង៥.៨% នៅឆ្នាំ២០២៣។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករដែរថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៥.៣% នៅឆ្នាំ២០២២ និងអាចកើនដល់៦.៥% នៅឆ្នាំ២០២៣ខាងមុខនេះ៕
ដោយ៖ សូរិយា