ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះបានចាប់បញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធពីបទឆបោកលើទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិករឿងទិញស្រឡាងបូមស្តារមួយគ្រឿង។
ជនសង្ស័យឈ្មោះ ផាម វៀតហ៊ីង អាយុ៣៧ឆ្នាំ មានអាសយដ្ឋាននៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាជនជាតិខ្មែរម្នាក់បានប្តឹងជនសង្ស័យជាជនជាតិវៀតណាមម្នាក់នេះ ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គាត់បានទិញស្រឡាងបូមស្តារ១គ្រឿង ក្នុងនោះមានម៉ាស៊ីន ៣គ្រឿងក្នុងតម្លៃ៦៥.០០០ដុល្លារអាមេរិក និងបាឡុងតុង១គ្រឿងទទឹង៥ម៉ែត្រកន្លះ បណ្តោយ១៥ម៉ែត្រតម្លៃ ៣៥.០០០ដុល្លារអាមេរិក (សរុប១០ម៉ឺនដុល្លារ) ដោយបានប្រគល់ប្រាក់ឱ្យទៅឈ្មោះ ផាម វៀតហ៊ីង អស់ហើយ ប៉ុន្តែបានផ្ញើទុកឱ្យជនសង្ស័យថែរក្សានៅម្តុំគល់ស្ពានលី យ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមិនទាន់យកទៅប្រើប្រាស់ទេ ។
ក្រោយមកដើមបណ្តឹងបានទៅមើលស្រឡាងនិងបាឡុងតុងនោះស្រាប់តែមិនឃើញ។ លុះពេលស្រាវជ្រាវទៅទើបបានដឹងថា ឈ្មោះ ផាម វៀតហ៊ីង និងបក្ខពួកលួចយកទៅបាត់ ។ បន្ទាប់ពីមានពាក្យបណ្តឹងនោះហើយ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់នោះបានដែលកំពុងជ្រកកោននៅផ្ទះសាច់ញាតិក្នុងតំបន់អ្នកលឿង ខេត្តព្រៃវែង និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕
ដោយ ៖ រ៉ារ៉ា