ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡេនឌ័របានបើកបុកជាមួយរថយន្តហ្វដបណ្ដាលឱ្យខ្ទាតទៅប៉ះរថយន្តហាយឡេនឌ័រមួយគ្រឿងទៀតដែលចតស្ងៀមរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ នៅវចំណុចមុខមន្ទីរពេទ្យសែនសុខ តាមបណ្ដោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AC-5749 បើកបរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ខាងលើបានជ្រុលទៅបុកជាមួយរថយន្តហ្វដមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-0850ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើតត្រូវបញ្ឆិតផ្នែកខាងមុខខាងឆ្វេងបណ្ដាលឱ្យរថយន្តហាយឡេនឌ័រខ្ទាតទៅប៉ះរថយន្តហាយឡេនឌ័រមួយគ្រឿងទៀត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB-1963ដែលចតស្ងៀមតាមចិញ្ចើមផ្លូវបណ្ដាលឱ្យរថយន្តទាំងបីគ្រឿងរងការខូចខាត។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ដោយខាងភាគីរថយន្តហាយឡេនឌ័រដែលចតស្ងៀមតាមចិញ្ចើមផ្លូវរងការខូចខាតបន្តិចបន្តួចមិនបានទារសំណងនោះទេ  នៅតែរថយន្តពីរគ្រឿងសមត្ថកិច្ចឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ បន្ទាប់មកខាងរថយន្តហាយឡេនឌ័របានចេញសំណងចំនួន៤២០០ដុល្លារទៅឱ្យខាងរថយន្តហ្វដដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖