ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសជាពាណិជ្ជករវ័យចំណាស់ម្នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (រឿងដាក់តម្កល់ប្រាក់ប្រមាណ៦០ម៉ឺនដុល្លារអាមេរិក) ។
ជនត្រូវចោទរូបនោះឈ្មោះ ហោ ស៊ីមលាង អាយុ៦៤ឆ្នាំ មុខរបរជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១២១ ផ្លូវលេខ៣៤៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលើឈ្មោះ ហោ ស៊ឹមលាង ដោយបានបញ្ជាក់ថា ត្រូវបានចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌនេះមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ ដោយមើលឃើញថា ដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ ២៤១០ “ល” ដ.ព.ស ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់កាតព្វកិច្ចឱ្យជនត្រូវចោទឈ្មោះ ហោ ស៊ឹមលាង គោរពកាតព្វកិច្ចត្រូវដាក់ប្រាក់តម្កល់ខ្លួនចំនួន ៦០ម៉ឺនដុល្លារអាមេរិកនៅសាលាដំបូងរាជធានីភ្នំពេញ គិតពីថ្ងៃចេញដីកានេះទៅ ។ ដីកាសម្រេចនេះ ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រេចតម្កល់ទុកជាបានការដដែល តាមសាលដីកាលេខ ៥៤ ក្រ ឃ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនត្រូវចោទឈ្មោះ ហោ ស៊ីមលាង មិនបានអនុវត្តកាតព្វកិច្ចយកប្រាក់មកដាក់តម្កល់តាមដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនោះទេ។ តាមហេតុផលនេះបញ្ជាក់បានថា ជនត្រូចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ទើបគប្បីតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឱ្យប្រធានពន្ធនាគារទទួលឃុំខ្លួនជននេះ ។ សរុបឱ្យខ្លីមក កម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនពាណិជ្ជកររូបនោះបញ្ជូនទៅតុ លាការតាមដីកាបង្គាប់ឱ្យចាប់ខ្លួន គឺពាក់ព័ន្ធរឿងមិនគោរពកាតព្វកិច្ចដាក់តម្កល់ប្រាក់ចំនួន៦០ម៉ឺនដុល្លារអាមេរិកនៅតុលាការ ៕
ដោយ ៖ រ៉ារ៉ា