ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នេះអន្តរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយលោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈ កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួនពីរ ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ គឺ៖ ទី១ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងទី២ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសន្តរបស់ប្រជាជនកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖