ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ ឲ្យ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យថែទាំ ដើមឈើគ្រប់ប្រភេទ ដែលបានដាំរួចនៅក្នុងរាជធានីភ្នំពេញ ឲ្យបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋឲ្យ ពួកគាត់ចេះស្រលាញ់និងមើលថែដើមឈើផង កុំសម្លាប់ដើមឈើ។
លោក ឃួង ស្រេង បានជំរុញបែបនេះកាល ពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះក្នុងពិធីដាំដើមឈើអបអរសាទរ រុក្ខទិវា០៩ កក្កដា ឆ្នាំ២០២២ នៅបរិវណវត្តភ្នៀតសិម្ពលី,ស្ថិតក្នុងភូមិស្វាយ,សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ នៅរាជធានីភ្នំពេញ ថ្វីត្បិតតែពុំមានផ្ទៃដីទំនេរ មានទំហំធំសម្រាប់ដាំដើមឈើ ជាចម្ការក៏ពិតមែន តែពិធីនេះតែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដូចបណ្តាខេត្តនានា ទូទាំងប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង២០២១ ដែលពិធីនេះត្រូវអាក់ខាន ដោយសារការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ។ ពាក់ព័ន្ធនិងជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការនានា រួមទាំងវិធានការ ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ រហូតធ្វើឱ្យប្រទេសកម្ពុជា បានរួចផុតពីវិបត្តិនៃជំងឺរាតត្បាតនេះ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពបណ្តុះកូនឈើ និងចែក ចាយកូនឈើជូនសាធារណៈ ជន អង្គភាពសាធារណៈ សាលារៀន វត្តអារាម សម្រាប់យកទៅដាំ ត្រូវបានអនុវត្ត ជាធម្មតាស្របតាមរដូវកាលដាំដុះមិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំគ្នាប្រារព្ធពិធីប៉ុណ្ណោះ។
លោក ឃួង ស្រេង បានបន្តទៀតថា នៅភ្នំពេញ យើងបានត្រៀមដើមឈើចំនួន២ម៉ឺន ដើម ដើម្បីដាំនៅឧទ្យាន ។ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការ ពិនិត្យ មើលថែទាំ ដើមឈើគ្រប់ប្រភេទដែលយើងបានដាំរួច ព្រោះមានមនុស្សខ្លះ លួចសម្លាប់ ឬលូចកាប់ ដើមឈើ របស់យើង។ នេះជាបញ្ហាមួយដែលយើងត្រូវតែយកចិត្តទុកដាក់ មើលថែទាំ ដើមឈើអោយបានម៉ត់ចត់ ។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ រុក្ខទិវា ត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជា ធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។ ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានកំណត់យកបរិវេណ វត្តភ្នៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ
ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធីនេះ ។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅពីធីដាំដើមឈើ អបអរ សាទរ ពិធីរុក្ខទិវា០៩ កក្កដា ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) តែសម្រាប់ពិធី ឆ្នាំនេះ យើងដាំដើមឈើចម្រុះប្រភេទ (មានក្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិលបារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍)សរុបចំនួន១ ០៧២ដើម ។ លើសពីនេះ យើង បានដាំដើមឈើចំនួន៣ ១១៦ដើម ទៀត នៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ខណ្ឌរដ្ឋបាលព្រៃឈើ ភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានធ្វើការបណ្តុះកូនឈើជាច្រើន ប្រភេទ ចំនួនប្រមាណ ៣០០០០ដើមក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋយកទៅដាំ ដែល សម្រាប់ឆ្នាំ២០២២ ដោយគិតត្រឹមដំណាច់ខែមិថុនានេះ យើងមានកូនឈើទុកត្រៀមសម្រាប់ចែកជូនដល់សាលា រៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ សរុបប្រមាណជាង៤០០០០ដើម៕
ដោយ ៖ សំរិត