ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងប្រជុំស្ដាប់របាយការណ៍ ស្ដីពីទិដ្ឋភាពបច្ចេកទេសហិរញ្ញវត្ថុ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលបានព្រាងឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍សង្ខប ស្ដីពីទិដ្ឋភាពបច្ចេកទេសហិរញ្ញវត្ថុ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈជូន សម្ដេចក្រឡាហោម ស ខេង ដោយបានគត់សម្គាល់ថា សេចក្ដីព្រាងច្បាប់ ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ មានដូចជា៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់, ការកំណត់គុណវុឌ្ឍិសម្រាប់មន្ដ្រីជំនាញហិរញ្ញវត្ថុសាធារណៈកំណត់ដោយប្រកាសរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការកំណត់តួនាទី ភារកិច្ច សិទ្ធិអំណាច ការទទួលខុសត្រូវ និងគុណវុឌ្ឍិរបស់ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ, លិខិតបទដ្ឋានដែលកំណត់ពីកាតព្វកិច្ចហិរញ្ញវត្ថុសាធារណៈ, ការហាមឃាត់ចំពោះការបង្កើនឥណទានប្រាក់បៀវត្ស និងប្រាក់បំណាច់បុគ្គលិក ក្នុងឆ្នាំអនុវត្តថវិកា, ភារកិច្ចឆ្លើយបំភ្លឺអំពីគម្រោងចំណូល ចំណាយ និងរបាយការណ៍សមិទ្ធិកម្ម នៅចំពោះមុខគណៈកម្មការជំនាញរបស់រដ្ឋសភា និងព្រឹទ្ធសភា, ការកំណត់ពិដានក្នុងការបង្វែរឥណទានពីកម្មវិធីមួយ ទៅកម្មវិធីមួយនៅផ្ទៃក្នុងថវិកាក្រសួង, ការកំណត់កាតព្វកិច្ចដល់ប្រធានស្ថាប័នក្នុងការផ្ទេរសិទ្ធិពីអាណាប័កដើមខ្សែរទៅឱ្យប្រធានអង្គភាពថវិកាជាអាណប័កផ្ទេរសិទ្ធិ៕
ដោយ៖ សិលា