ភ្នំពេញ៖ ក្រសួងធនធានទឹកតាមរយៈមន្ត្រីជំនាញផ្នែកបច្ចេកទេសណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែក និងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្ន និងប្រាប់ឱ្យអាជ្ញាធរត្រៀមបង្ការ និងទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលអាចកើត មានឡើងជាយថាហេតុនាចុងរដូវវស្សានេះ ខណៈកម្ពស់ទឹកទន្លេមេគង្គហក់ឡើងខ្ពស់ជាងឆ្នាំមុនរហូតដល់ជិត២ម៉ែត្រ។
ក្នុងពេលដឹកនាំមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹកនិងឧតុនិយម ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តកំពង់ ចាមលោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមពេលនេះ ស្ថានភាពទឹកទន្លេមេគង្គមានកម្ពស់ ៨,៣៨ម៉ែត្រ បើធៀបនឹងឆ្នាំមុនកម្ពស់ត្រឹមតែ ៦,៤៦ម៉ែត្រ ខុសគ្នាជិត២ម៉ែត្រ(១,៩២ម៉ែត្រ)។
ស្ថានភាពទឹកក៏កំពុងហក់ឡើងចូលព្រែកមួយចំនួន រីឯទំនប់អាងទឹកមួយចំនួននៃប្រព័ន្ធធារាសាស្រ្ត កំពុងតែទទួលបរិមាណទឹកភ្លៀងដែលធ្លាក់រាយប៉ាយស្ទើរបានពេញទាំងស្រុង ដែលគឺមានលក្ខណៈល្អប្រសើរសម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ។
ទោះយ៉ាងណា អគ្គនាយកកិច្ចការបច្ចេកទេសក៏បានផ្តាំផ្ញើតាមរយ:ប្រធានមន្ទីរខេត្ត ឱ្យផ្សព្វផ្សាយប្រាប់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែក និងដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាមួយនឹងស្ថានភាពការហក់ឡើងនៃទឹកទន្លេមេគង្គ និងទឹកភ្លៀងនាពេលបច្ចុប្បន្ន និងពេលខាងមុខនេះផងដែរ។
ទោះជាបែបនេះក្តី លោកឈា ប៊ុនរិទ្ធ ក៏បានបញ្ជាក់ដែរថា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម បានបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងបរិមាណទឹកតាមទំនប់អាងទឹកនីមួយៗ ដោយបានចាត់ឱ្យមានឆ្មាំប្រចាំការជាប់ជាប្រចាំសម្រាប់បញ្ជាការបិទ-បើកទ្វារទឹក ក្នុងបរិបទដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ក៏ដូចជាការត្រៀមបង្ការ និងទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលអាចកើតមានឡើងជាយថាហេតុនាចុងរដូវវស្សានេះ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដាកម្ពុជាបន្តទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធ ដែលឥទ្ធិពលនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
កត្តាដែលកម្ពុជាបន្តមានភ្លៀងធ្លាក់ជាប់ៗគ្នាបែបនេះ បានបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន តួយ៉ាងនៅថ្ងៃទី២២ ខែកក្កដា កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានក្រាំងពន្លៃ ចន្លោះពីគីឡូម៉ែត្រលេខ៤០-៤១ បានរងនូវការជន់លិច។ ជំនន់ជន់លិចកំណាត់ផ្លូវនេះ កើតឡើងដោយសារតែការបើកសន្ទះទឹកចេញមកពីអាងស្តុកទឹកអន្លង់ជ្រៃ ខេត្តកំពង់ស្ពឺ ក្រោយមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាមកនេះ៕
ដោយ៖ សូរិយា