ករណីកើតជំងឺអុតស្វា លើកដំបូងនៅក្នុងប្រទេសថៃ គឺជាជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំ ចូលមកប្រទេសថៃកាលពីចុងឆ្នាំ២០២១។ នៅពេលនេះអ្នកជំងឺបានរត់គេចខ្លួនបាត់ពេលមន្ទីរពេទ្យប្រកាសពីករណីកើតជំងឺអុតស្វាកាលពីថ្ងៃទី១៨ខែកក្កដា។
សារព័ត៌មាន AFP បានផ្សាយថា ករណីរកឃើញជំងឺអ៊ុតស្វាត្រូវបានរកឃើញនៅក្នុងតំបន់រមណីយដ្ឋានភូកេត ក្រោយអ្នកជំងឺទៅធ្វើតេស្តនៅមន្ទីរពេទ្យឯកជនបន្ទាប់ពីមាន
អាការៈដូចជាជំងឺអុតស្វា ។
ជាមួយគ្នានេះដែរ ថៃក៏មានករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្ពស់ ហើយមានអ្នកស្លាប់កើនឡើងផងដែរ ។ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៥៧៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន១,៨៧៧នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៥៧លានករណី ក្នុងនោះមានអ្នកស្លាប់ ៣១,១២៧នាក់ និងអ្នកជាសះស្បើយឡើងវិញជាង ៤.៥១លាននាក់៕ ដោយ៖ ធីរីណា
រូបថត ៖ Bangkok Post
រូបថត ៖ AFP