ក្លិប Nottingham Forest បានចុះហត្ថលេខាលើអតីតខ្សែបម្រើក្រុម Manchester United កីឡាករ Jesse Lingard ដោយមិនមានតម្លៃខ្លួនផ្ទេរ (Free Agent)។ នេះបើតាមក្លិបដែលបានផ្សព្វផ្សាយនៅ Premier League កាលពីថ្ងៃសុក្រ។
Lingard ដែលជាកីឡាករយុវជននៅសាលាបាល់ទាត់ Man United បានបញ្ចប់ការទំនាក់ទំនងរយៈពេល២២ឆ្នាំរបស់គាត់ជាមួយក្លិប Old Trafford បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់កាលពីខែមុន។
កីឡាករជម្រើសជាតិអង់គ្លេសវ័យ២៩ឆ្នាំរូបនេះដែលបានបង្ហាញខ្លួនជាលើកដំបូងនៅ Man United ក្នុងឆ្នាំ២០១៤ ស៊ុតបញ្ចូលទីបាន៣៥គ្រាប់ក្នុងការប្រកួតជាង២០០សម្រាប់ពួកគេ។
ក្លិប Nottingham Forest មិនបានបញ្ជាក់អំពីរយៈពេលនៃកិច្ចសន្យារបស់គាត់ ប៉ុន្តែសារព័ត៌មាន Sky Sports និង BBC Sport បានរាយការណ៍ថាគាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំ។
Lingard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Newcastle United ក៏ដូចជាការវិលត្រឡប់ទៅកាន់ West Ham United ជាកន្លែងដែលគាត់រីករាយនឹងការខ្ចីជើងដ៏ជោគជ័យក្នុងរដូវកាល២០២០–២០២១ដោយស៊ុតបញ្ចូលទីបាន៩គ្រាប់ក្នុង១៦ប្រកួត។ គាត់នឹងពាក់អាវលេខ១០នៅក្នុងក្រុមNottingham Forest ។
ក្រុម Nottingham Forest មានភាពមមាញឹកក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ ដោយបានចុះហត្ថលេខាលើខ្សែការពារ Harry Toffoloនិងខ្សែបម្រើ Lewis O’Brien ពីក្រុម Huddersfield Town នៅអង់គ្លេស Championship កាលពីថ្ងៃពុធ។
ក្លិបក៏បានចុះហត្ថលេខាលើកីឡាករ Dean Henderson, Taiwo Awoniyi, Brandon Aguilera, Neco Williams, Giulian Biancone, Wayne Hennessey, Moussa Niakhate និង Omar Richards ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Sky Sport)