ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបដិសេធចំពោះឈ្មោះ ឈុន មិញស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅ ផ្ទះលេខ ១១២៨ ផ្លូវ១១០ ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០១០ ៨៣ ៨២ ៧៧​ ដែលបានធ្វេីការផុសព័ត៌មានមិនពិតចោទប្រកាន់មកលេីមន្ត្រីអនុវត្តច្បាប់​ ខុសពីការពិត​ ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ បានឱ្យដឹងនៅយប់ថ្ងៃ​សុក្រ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០២២។ 

ប្រភពដដែលបន្តថា​ ដំណេីររឿងជាក់ស្តែងកាលពីយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែកក្កដា វេលាម៉ោង១រំលងអធ្រាត្រ  បុគ្គលរូបនេះបានបើកម៉ូតូកង់៣​ ពីស្ពានតាខ្មៅឆ្ពោះទៅមុខពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ពេលទៅដល់ចំពេលដែលសមត្ថកិច្ចកំពុងប្រតិបត្ដិការបង្ក្រាបគ្រឿងញៀន ដោយមានវត្ដមានបុគ្គលនេះនៅក្នុងរង្វង់ប្រតិបត្ដិការរបស់សមត្ថកិច្ចដែរ ពេលនោះសមត្ថកិច្ចក៏បាននាំគាត់មកការិយាល័យប្រឆាំងគ្រឿងញៀន ដេីម្បីសហការធ្វើការត្រួតពិនិត្យទឹកនោម ស្វែងរកសារធាតុញៀន ដោយនៅក្នុងទឹកនោមគ្មានសារធាតុញៀនសមត្ថកិច្ចក៏អនុញ្ញាតឲ្យបុរសម្នាក់នេះត្រឡប់ មកផ្ទះវិញ។ 

លុះពេលត្រឡប់មកវិញធ្វើដំណើរតាមផ្លូវ ដោយសារមានចិត្ដខឹងចំពោះសមត្ថកិច្ចក៏បាន សរសេរផុសដោយបានរៀបរាប់នូវពាក្យមិនពិត​ ជេរប្រមាថមើលងាយមកលើសមត្ថកិច្ច ធ្វើឲ្យមានការយល់ច្រឡំ និងធ្វេីឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្ដិយសរបស់សមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ នៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា “ឈុន មិញស៊ីញ”។

បន្ទាប់ពីសារភាពកំហុស​ ធ្វេីកិច្ចសន្យាចំពោះសមត្ថកិច្ចរួចរាល់​ បុគ្គលរូបនេះត្រូវបានសមត្ថកិច្ចធ្វេីការណែនាំអប់រំ​ និងអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ​ ៕

ដោយ​៖សហការី​


ចែករំលែក៖